អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកស្រី ហួន ផាន់ណារី បានឡើងជាប្រធានស្តីទីគណបក្ស បន្ទាប់ពីលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សនេះ បានលាលែងពីតំណែង។
លោក ម៉ម សូណង់ដូ ថ្លែងថា ថ្នាក់ដឹកនាំគណបក្សសំបុកឃ្មុំសោកស្តាយដែលរូបលោកលាលែងពីតំណែង ក៏ប៉ុន្តែពួកគេប្តេជ្ញាដឹកនាំគណបក្សឲ្យដំណើរការទៅមុខបើទោះបីជាគ្មានរូបលោក។ លោក សូណង់ដូ ប្រាប់សារព័ត៌មានថ្មីៗថា បន្ទាប់ពីរូបលោកឈប់ធ្វើជាប្រធានបក្សកាលពីថ្ងៃទី ៤ ខែសីហា លោកស្រី ហួន ផាន់ណារី ដែលមានតំណែងជាអនុប្រធានគណបក្ស បានឡើងធ្វើជាប្រធានស្តីទីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
បើតាមលោក ម៉ម សូណង់ដូ លោកស្រី ផាន់ណារី ដែលជាអតីតជំនួយការលោក កាលពីគណបក្សសំបុកឃ្មុំមិនទាន់បង្កើតឡើង នឹងធ្វើជាប្រធានស្តីទីរហូតដល់ថ្នាក់ដឹកនាំគណបក្សនេះរើសប្រធានគណបក្សថ្មីបាន។ លោក ម៉ម សូណង់ដូ បន្ថែមថា ពិធីផ្លូវការនៃការលាឈប់របស់លោក នឹងធ្វើឡើងនៅថ្ងៃទី ៤ ខែកញ្ញា ខាងមុខ។
ឆ្លើយនឹងសំណួរថា តើក្រោយពីលាឈប់ពីតំណែងជាប្រធានបក្ស លោកនឹងធ្វើអ្វីបន្ត? លោក ម៉ម សូណង់ដូ លើកឡើងថា រូបលោកមិនទាន់សម្រេចិត្តថា នឹងទៅចូលរួមជីវិតនយោបាយជាមួយគណបក្សណាមួយទេ ហើយលោកក៏មិនបោះបង់ការធ្វើនយោបាយដែរ។ « ខ្ញុំជាអ្នកនយោបាយ មិនអាចបោះបង់នយោបាយទេ។ តែឥឡូវខ្ញុំធ្វើជាអ្នកកណ្តាល ហើយរិះគណបក្សទាំងអស់ដែលធ្វើមិនត្រឹមត្រូវ។ ខ្ញុំមិននិយាយថា មិនចូលបក្សណាមួយនោះទេ នាថ្ងៃអនាគត ដើម្បីកុំឲ្យបិទផ្លូវខ្លួនឯង»៕