គម្រោង​«​កូន​ឬ​ស្សី​»​របស់​អង្គការ​ភ្លែ​ន ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ខេត្តរតនគិរី​

រតនគិរី​៖ អាជ្ញាធរ​ខេត្តរតនគិរី និង​តំណាង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​សម្ពោធ​គម្រោង «​កូន​ឬ​ស្សី​» នៃ​កម្មវិធី​គាំពារ និង​និង​អភិវឌ្ឍ​កុមារ​តូច​របស់​អង្គការ​ភ្លែ​ន​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​នេះ​នៅ​សាលាខេត្ត​។​

​ចាប់ពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩ កុមារ​តូច​អាយុ​ក្រោម​៦​ឆ្នាំ​មកពី​ភូមិ​ចំនួន​៤០ នៃ​ស្រុក​វើ​ន​សៃ តា​វែង អូរ​ជុំ និង​បរ​កែវ ក្នុង​ខេត្តរតនគិរី នឹង​បន្ត​ទទួលបាន​ការបណ្តុះបណ្តាល​ពី​គម្រោង «​កូន​ឬ​ស្សី​»​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។ គឺជា​ការបណ្តុះបណ្តាល​ផ្នែក​បញ្ញា ស្មារតី សុខភាព និង​កាយសម្បទា​ផង មុន​ពួកគេ​ចូលរៀន​ថ្នាក់បឋមសិក្សា​។​

​អាជ្ញាធរខេត្ត តំណាង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា តំណាង​មន្ទីរអប់រំ និង​គ្រូបង្រៀន​ថ្នាក់​ម​ត្តេ​យ្យ ប្រមាណ​២០០​នាក់​បាន​ជួបជុំគ្នា​នៅ​សាលាខេត្ត​រតនគិរី​ដើម្បី​សម្ពោធ​ការអនុវត្ត​គម្រោង កូន​ឬ​ស្សី នេះ​។​

​នៅក្នុង​ពិធី​នោះ លោក យី គឹម​ថា​ន ប្រធាន​គ្រប់គ្រង​កម្មវិធី​ជាតិ​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានកត់សម្គាល់​អំពី​សារសំខាន់​នៃ​ការវិនិយោគ​លើ​កុមារ​តូច ដែល​នឹង​ផ្តល់​គុណប្រយោជន៍​ដល់​ពួកគេ​នៅ​ថ្ងៃ​អនាគត​។ លោក គឹម​ថា​ន បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច គឺជា​ការងារ​អទិភាព និង​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន ក្នុង​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ហើយក៏​ជា​យុទ្ធសាស្ត្រ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​»​។​

​អង្គការ​ភ្លែ​ន​អន្តរជាតិ​បានចាប់ផ្តើម​បេសកកម្ម​របស់ខ្លួន​លើ​កម្មវិធី​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​នៅក្នុង​ខេត្តរតនគិរី​នេះ​តាំងពី​ឆ្នាំ​២០១២​មក​ម្លេះ​។ រហូតដល់​ពេលនេះ អង្គការ​ភ្លែ​ន បាន​សហការ​សាងសង់​បាន​៣៧​សា​លាម​ត្តេ​យ្យ​សហគមន៍ ៥​សា​លាម​ត្តេ​យ្យ​ចល័ត និង​១​សា​លាម​ត្តេ​យ្យ​ដែលមាន​៣​បន្ទប់​។​

​តាមពិត គម្រោង កូន​ឬ​ស្សី របស់​អង្គការ​ភ្លែ​ន ត្រូវបាន​បង្កើតឡើង​ស្រប​នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ​២០១០ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​គោលនយោបាយ​ជាតិ​មួយ​ស្តីអំពី​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​នេះ ដែល​តម្រូវ​ឲ្យ​កុមារ​តូច​ទាំងអស់​អាយុ​ក្រោម​៦​ឆ្នាំ ពិសេស​កុមារ​រងគ្រោះ ងាយ​រងគ្រោះ ក្រខ្សត់ ទទួលបាន​សេវា​គាំពារ និង​អភិវឌ្ឍ​។​

​លោក លី វិ​ន អភិបាលរង​ខេត្តរតនគិរី ដែល​បាន​ធ្វើជា​អធិបតី​សម្ពោធ​គម្រោង កូន​ឬ​ស្សី នេះ បាន​ប្រាប់​អ្នកចូលរួម​ថា រដ្ឋាភិបាល​តែងតែ​យល់​ពី​សារសំខាន់ នៃ​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច ដែលជា​គុណប្រយោជន៍​ដល់​អនាគត​របស់​កុមារ​ម្នាក់ៗ ដែល​នឹង​ក្លាយខ្លួនជា​សសរទ្រូង​ប្រទេសជាតិ​។ ទន្ទឹមនឹង​ការណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​តាម​មូលដ្ឋាន​ឲ្យ​ពួកគេ​ផ្តល់​ភាពងាយស្រួល​ដល់​ការអនុវត្ត​ការងារ​របស់​អង្គការ​ភ្លែ​ន​នោះ លោក​អភិបាលរង លី វិ​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច ជា​ការងារ​អាទិភាព ហើយ​ជា​ផ្នែក​មួយ​ខានមិនបាន​នៅក្នុង​ក្របខណ្ឌ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​»​។​

​កូន​ឬ​ស្សី គឺជា​ឈ្មោះ​កម្មវិធី​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដែល​នឹង​ជួយ​កុមារ​តូច​អាយុ​ពី​០​ដល់​៦​ឆ្នាំ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ពិសេស​កុមារ​ជនជាតិដើម​ភាគតិច មុន​ពួកគេ​ចូលរៀន​ថ្នាក់បឋមសិក្សា​។ គម្រោង​៣​ឆ្នាំ (២០១៧-២០២០)​នឹងត្រូវ​អនុវត្ត​នៅ​ស្រុក បរ​កែវ អូរ​ជុំ តា​វែង និង​វឺ​ន​សៃ នៃ​ខេត្តរតនគិរី និង​ស្រុក ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សៀម​ប៉ាង នៃ​ខេត្ត​ស្ទឺ​ង​ត្រែង​។ គម្រោង​នេះ​មាន​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​។​

​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០២​។ រហូតដល់​ពេលនេះ អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ក្នុងស្រុក​ដើម្បី​បង្កើត​ឲ្យ​មាន​សា​លាម​ត្តេ​យ្យ​សហគមន៍​ជិត​៤០០ និង​ក្រុម​ឪពុកម្តាយ​ប្រមាណ​១៦០០​ក្រុម នៅក្នុង​ខេត្ត​តំបន់​ប្រតិបត្តិការ សៀមរាប រតនគិរី ស្ទឹងត្រែង និង​ត្បូងឃ្មុំ​៕