រថយន្តដឹកឈើប្រណិតចូលក្រុងភ្នំពេញបែកកង់ សមត្ថកិច្ជាប់បាន

ភ្នំពេញ ៖ រថយន្ត១គ្រឿងប្រភេទសាំយ៉ុង ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ទ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ឆេងប៊ុន ក្រឡាបញ្ជីរ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន នាំយកទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅ ដើម្បីចាត់ការតាមច្បាប់ ។

លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញប្រាប់អោយដឹងថា រថយន្ត ម៉ាក សាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2S.7943 ត្រូវបានកម្លាំងរបស់លោកស្ទូចយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅ ដោយសារដឹកឈើប្រណិតខុសច្បាប់ ប្រភេទ ឈើធ្នង់ ចំនួន ១៧ កំណាត់ ទម្ងន់ ១.៩,២៨ ម៉ែត្រគូប ( ជិត ២ម៉ែត្រគូប ) ។ ដោយឡែកអ្នកបើកបរ មិនត្រូវបានឃាត់ខ្លួននោះទេ ពោល គឺគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ ។

លោក អ៊ុន វណ្ណារិទ្ធ ប្រាប់បន្តអោយដឹងថា ការដែលសមត្ថកិច្ចស្ទូចយករថយន្តល្មើសច្បាប់ទៅរក្សាទុកនេះ គឺដើម្បីស្វែងរកម្ចាស់ឈើមកទទួលទោសតាមច្បាប់ព្រៃឈើ ។

សមត្ថកិច្ចលួចបង្ហើបប្រាប់ អោយដឹងថា រថយន្តដឹកឈើធ្នង់ខុសច្បាប់នេះ គឺដឹកឈើចេញពីខេត្តពោធិ៍សាត់ចូលមកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ លុះមកដល់ចំណុច រង្វង់មូល ស្ពាន លី យ៉ុងផាត់ ផ្នែកខាងលិច ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មិនដឹងយ៉ាងមិចនោះទេ ស្រាបតែ រថយន្តដឹកឈើល្មើសច្បាប់នេះ បានបើកឡើងរង្វង់មូលធ្លាយពីម្ខាងទៅម្ខាងទៀត បណ្តាលអោយបែកកង់ បែកកាទែ ហូរប្រេងម៉ាស៊ីនប្រឡាក់ពេញផ្លូវ រលត់ម៉ាស៊ីន ទៅមុខលែងរួច ។

ប្រភពព័ត៍មានប្រាប់បន្ត អោយដឹងថា ហេតុការណ៍នេះ កើតឡើង វេលាម៉ោងប្រមាណ ៣ ទៅ៤ ទៀបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ប៉ុន្តែទើបតែភ្ញាក់ផ្អើល ដល់សមត្ថកិច្ចប៉ុស្តិ៍ នគរបាលចរាចរណ៍ខណ្ឌ និងកម្លាំងសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ចុះអន្តរាគមន៍ នាវេលាម៉ោង ៨ និង៤៥នាទី ព្រឹកថ្ងៃដដែល ដោយស្ទូចរថយន្តនោះយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃ ឈើព្រែកព្នៅ ដើម្បីបន្តនីតិវិធីតាមច្បាប់ព្រៃឈើ ៕