ស្រលាញ់ពេកទៅជាប្រច័ណ្ឌ កាប់ប្រពន្ធអោយរបួសធ្ងន់

ប៉ៃលិន៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ដោយសារប្ដីកាប់នឹងកាំបិតខ្វែវ បណ្តាលអោយរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ស្ត្រីជាជនរងគ្រោះមានឈ្មោះ ង៉ែត ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរជាកម្មករស៊ីឈ្នួលធ្វើចំការ មានស្រុកកំណើតនៅភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត រងរបួសធ្ងន់ចំកជើងផ្នែកភ្នែកគោខាងឆ្វេង ចំណែកជនសង្ស័យត្រូវជាប្ដី មានឈ្មោះ ធួន ធឿន អាយុ៤២ឆ្នាំ មុខរបរជាកម្មករស៊ីឈ្នួលធ្វើចំការ មានស្រុកកំណើតជាមួយជនរងគ្រោះជាប្រពន្ធដែរ។

 

ប្រភពដដែលបានបន្តថា៖ នៅពេលមុនកើតហេតុប្តីជនរងគ្រោះ បានផឹកស្រាជួបជុំគ្នាជាមួយអ្នកភូមិនិងកម្មករនៅជិតនោះ ហើនៅពេលស្រវឹងស្រាក៍បានឃើញស្រ្តីរងគ្រោះជាប្រពន្ធ ឈរនិយាយលេងជាមួយអ្នកភូមិយូពេក ក៍ស្រែកហៅប្រពន្ធឱ្យមកផ្ទះវិញ ហើយខណៈពេលដែលប្រពន្ធបានដើរមកដល់ផ្ទះ ក៍កើតមានជម្លោះពាក្យសំដី ដាក់គ្នាបន្តិចបន្តួច និងដោយសារភ្លើងប្រចណ្ឌ័ផង ជនសង្ស័យជាប្តី ក៍ខឹងហើយរត់ទៅយកកាំបិតខ្វែវនៅក្នុងរោង រួចមកកាប់ប្រពន្ធមួយកាំបិតត្រូវចំ កជើងផ្នែកភ្នែកគោខាងឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានអ្នកភូមិរាយការណ៍ទៅប៉ូលីសប៉ុស្ត៍ឃុំស្ទឹងត្រង់ ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្នស្ត្រីជនរងគ្រោះជាប្រពន្ធ កំពុងសម្រាកព្យាបាលរបួសនៅមណ្ឌលសុខភាព ស្រុកសាលាក្រៅ ចំណែកជនសង្ស័យជាប្តីត្រូវបាននគរបាលប៉ុស្តិ៍ឃុំស្ទឹងត្រង់ កំពុងធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនបន្តមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។