ហ្គេមបាញ់ត្រីរាប់សិបទូរនៅផ្សារតូចរតនាផ្លាហ្សា សង្ស័យជាឆ្នាំងបាយលោកសុខ ពេញវុធ និងលោកហួត ចាន់យ៉ារ៉ាន់

ភ្នំពេញ ៖ កន្លងមកលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជា ឲ្យអភិបាលខណ្ឌទាំងអស់ នឹងសមត្ថកិច្ច ធ្វើយ៉ាងណា បង្ក្រាបល្បែងស៊ីសង ដែលកំពុងកើតមានសព្វថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ជាពិសេស គឹ ហ្គេម បាញ់ត្រី មិនអនុញ្ញាតឲ្យកើតមាន តទៅទៀតទេ។

 

 

តែផ្ទុយទៅវិញ បញ្ជារបស់លោក ឃួន ស្រេង អភិ
បាលក្រុងថ្មី ហាក់ដូចជាគ្មានប្រសិទ្ធភាព ព្រោះថាល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាក អ៊ីនធើណេត កាហ្វេ ឬណេត២៤ម៉ោង បានកំពុងរីករាលដាលដូចផ្សិត ជាក់ស្ដែង ល្បែង « ហ្គេម បាញ់ត្រី » ដ៍ធំមួយកន្លែង ដែលមានទីតាំង នៅចំណុច ផ្សារតូចផ្លាហ្សា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រមាណជាង២០ទូរ កំពុងបើកដំណើការ លេងយ៉ាងចំហរ ឲ្យក្មេងចាស់ ប្រុសស្រីចូលលេងយ៉ាងរលូន គ្មានការរំខាន ពីសំណាក់អាជ្ញាធរ ឬសមត្ថកិច្ចឡើយ។

 

បើតាមការអួតអាង ពីមេកាប្រចាំទីនោះ បានឲ្យដឹងថា ទីតាំង ហ្គេម បាញ់ត្រី ដ៍ធំខាងលើនេះ ដំណើរការបានរលូនមកដល់សព្វថ្ងៃ គឺថៅស្រី ឈ្មោះ គង់ បានរត់ការបង់លុយអស់ហើយ សូម្បីតែលោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ក៍មេការរូបនោះ ហ៊ានអួតថា ថៅកែស្រីរបស់គេ ឈ្មោះ គង់ បានរៀបចំ នឹងគិតគូររួចរាល់ផងដែរ។

 

ប្រភពពីប្រជាពលរដ្ឋ រស់នៅម្តុំតំបន់នោះ បានឲ្យដឹងថា ទីតាំងបើកល្បែង ហ្គេម បាញ់ត្រី ខាងលើនេះ ជារបស់ថៅកែ ឈ្មោះចែគង់ ដែលជាថៅកែដ៍ល្បី នៅរាជធានីភ្នំពេញ នឹងមានខ្នងបង្អែកធំៗ នៅពីក្រោយ ក្នុងការជួយអន្តរាគមន៍ ដាក់ទូរ ហ្គេម បាញ់ត្រី តាមទីប្រជុំជន នឹងតាមផ្សារធំៗ ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែង ទីតាំង ហ្គេម បាញ់ត្រី ដ៍ធំនៅផ្សារតូច « ផ្លាហ្សា »ស្ថិតនៅទីតាំងខាងលើ គេប្រគ់ឲ្យមេការធំម្នាក់ជាអ្នកគ្រប់គ្រង។

 

ហើយទីតាំងនោះ មួយថ្ងៃមួយៗ មានមនុស្ស ចេញចូលលេង ដូចមើលកុន ភាគច្រើន សុទ្ធតែ ក្មេងស្ទាវ សិស្សសាលា និងក្មេងក្រោមអាយុ១៤ -១៥ឆ្នាំ ដែលក្មេងកំពុងពេញវ័យសិក្សា ត្រូវបានល្បែងទាំងនោះ ពង្វក់ខួលក្បាល ក្លាយទៅជាក្មេង ដែលសង្គមស្អប់ស្ពើមទៅវិញ។

 

ប្រភពដដែរបានបន្តទៀតថា មិនតែប៉ុណ្ណោះ ទីតាំង ហ្គេម បាញ់ត្រី នេះ ត្រូវបានគេសង្ស័យថា ជាទីតាំង ចែកចាយ និងប្រើប្រាស់ថ្នាំញៀនទៀតផង ។ ព្រោះកន្លងមក នៅពេលដែលពួកគាត់ ទៅតាមហៅកូនពួកគាត់ម្ដងៗ តែងតែប្រទះឃើញមាន ឧបករណ៍ជក់ និង ថង់កិបមាត់តូៗ ជាច្រើននៅទីនោះ។

ហេតុនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខ្លះ បានលើកឡើងថា លោក ឃួន ស្រេង អភិបាល នៃគណៈអភិបាល រាជរាជធានីភំ្នពេញ នឹងលោក ជួន សុវណ្ណ ស្នងការ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ គួរតែពិនិត្យឡើងវិញ ភាពអសកម្ម របស់មន្ត្រីទាំងនោះផង មិនគួររក្សាភាពស្ងៀមស្ងាត់តទៅទៀតទេ ព្រោះថា ល្បែងទាំងនេះ កំពុងកើតមានយ៉ាងពេញបន្ទុក ហើយមន្ត្រីថ្នាក់ក្រោម ទាំង ចៅសង្កាត់ និងចៅហ្វាយខណ្ឌ ព្រមទាំងលោកមេប៉ុស្ដិ៍ និងអធិការនិមួយៗ ពួកគេមើលមិនឃើញ ល្បែងស៊ីសងទាំងនេះទេ ទំនងជាទទួលបានផលប្រយោជន៍ ពីមេបនល្បែង ដូចការអួតអាង របស់មេការខាងលើនេះ ហើយមើលទៅ បានជាគ្មានការបង្ក្រាបបែបនេះ។

 

 

 

គួររំលឹកផងដែរថានៅក្នុងកិច្ចប្រជុំនោះ ចៅហ្វាយក្រុង ភ្នំពេញ លោក ឃួង ស្រេង បានប្រកាស នឹងប្ដេជ្ញារួមគ្នាបង្ក្រាបឲ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រកក្រោមរូបភាព ទីតាំង Internet cafe ឬ ណេត24h ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ លោកអភិបាលបានដាក់ចេញនូវវិធានការណ៍ បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសង តាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្ម មានច្បាប់អនុញ្ញាត បើកទីតាំង Internetក៏ដោយ ព្រោះថា ល្បែងហ្គេមស៊ីសង ទាំងនេះ គឺជាល្បែងបំផ្លាញ ការសិក្សារបស់កុមារ និងយុវជន ហើយទីនោះ ក៏ជាកន្លែងប្រមូលផ្តុំ នូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ។

 

សូមរំលឹកបន្ថែមដែរថា ពាក់ពន្ធ័និងបញ្ហា ល្បែងស៊ីសងនេះដែរ កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោស តាមច្បាប់។ ប៉ុន្តែមន្ត្រីមួយចំនួនហាក់ព្រងើយនឹងផ្គើនចំពោះប្រសាសន៍របស់សម្តេច ជាក់ស្តែងល្បែងស៊ីសងក្នុងខណ្ឌដូនពេញនេះតែម្តង បើទោះយ៉ាងនេះក្តីលោកសុខ ពេញវុធ ក្នុងពេលឡើងជាអភិបាលខណ្ឌនោះធ្លាប់បានអះអាងថាមិនអោយមានល្បែងស៊ីសងក្នុងមូលដ្ឋានឡើយ តែប្រជាពលរដ្ឋថាគ្មានសង្ឃឹមឡើយក្នុងការបង្ក្រាប ព្រោះជាឆ្នាំងបាយរបស់លោកទៅហើយ។

 

ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើនេះ លោកអធិការខណ្ឌដូនពេញហួត ចាន់យ៉ារ៉ាន់ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលពេលណាជាប់រវល់រហូត។