ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំនោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បន្ទាប់ពីរូបគេនិងបក្ខពួកជិះម៉ូតូមួយគ្រឿងធ្វើសកមំភាពឆក់កាបូបពីស្ត្រីម្នាក់បាន ហើយជិះម៉ូតូព្យាយាមគេចខ្លួនក៏ជួបនឹងប្រជាពលរដ្ឋព័ទ្ធស្ទាក់ចាប់បានម្នាក់ និងម្នាក់ទៀតផ្តួលម៉ូតូគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០ នាទីរសៀល ថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៧ នៅចំនុចមុខខារ៉ាអូខេអាត់ជួង តាមផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូុម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ នួន ចាន់ថា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៩៣ ភូមិផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាកSuzuki viva ពណ៌ខ្មៅស្លាកលេខភ្នំពេញ1AG-2544 រីឯបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះជាប្តីឈ្មោះ សូ ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ និងប្រពន្ធឈ្មោះហឿន គឹមឡេង អាយុ៣៨ឆ្នាំ អ្នកទាំងពីរស្នាក់នៅផ្ទះជួល សង្កាត់ស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជិះម៉ូតូSmash Revo ពណ៌ខ្មៅ ស្លាកលេខ កំពុងធំ1E-2487 ។
ប្រភពព័ត៌មានពីប្តីជនរងគ្រោះបានអោយដឹងថា រូបគាត់និងប្រពន្ធបានជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងជើងដោយដាក់កាបូបស្ពាយក្នុងកន្ត្រក់ម៉ូតូខាងមុខ លុះជិះមកដល់ចំនុចកើតហេតុក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមពីក្រោយ ហើយវ៉ាម៉ូតូជនរងគ្រោះជិតផុត ស្រាប់តែជនសង្ស័យនៅជិះខាងក្រោយធ្វើសកម្មភាពឆក់យកកាបូបនៅក្នុងកន្ត្រក់ម៉ូតូ រួចជនរងគ្រោះបានស្រែកឆោរឡោរថាចោរៗ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។ បន្ទាប់ពីពួកគេឆក់បានហើយ ពួកគេបានព្យាយាមជិះបើករត់បានប្រហែលកន្លះគីឡូដី ដល់ចំនុចមុខខារ៉ាអូខេអាត់ជួង ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានជនសង្ស័យជាអ្នកបើកម៉ូតូ ឯម្នាក់ទៀតលោតចុះពីលើម៉ូតូគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕
[powr-social-media-icons id=1f8cd676_1503600332865]