[powr-social-media-icons id=b1b5d473_1504021176526]
ភ្នំពេញ៖ សកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា វិធានការរបស់រាជរដ្ឋាភិបាល ដាក់បទបញ្ជាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើស រត់ពន្ធឈើចេញទៅស្រុកយួន មិនទទួលបានជោកជ័យនោះទេ។
ជាក់ស្ដែងឈ្មួញមួយចំនួន នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកដាក់ដាំ ខេត្តមណ្ឌលគិរី ច្រកត្រពាំងស្រែ ខេត្តក្រចេះ និងច្រកព្រំដែនជាច្រើនកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយសារតែឈ្មួញធំៗ នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងពេញបន្ទុក ទើបព្រៃឈើដែលនៅសេសសល់ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងកំពង់ធំ កំពុងតែប្រឈម នឹងសេចក្ដីវិនាស ហើយសូម្បីតែ តំបន់ដែនជម្រកសត្វព្រៃ និងព្រៃសហគមន៍ ក៏មានបទល្មើសកាប់ឈើ យ៉ាងមហន្តរាយដែរ។
រយៈពេលប្រមាណ២ខែ កន្លងមកនេះ ឈ្មួញជាច្រើននាក់ បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រកដាក់ដាំ ខេត្តមណ្ឌល់គិរី ច្រកត្រពាំងស្រែ ខេត្តក្រចេះ នឹងច្រកជាច្រើនទៀត នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសារមានការឃុបឃិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័ន ជាពិសេសសមត្ថកិច្ច នៅច្រកព្រំដែននិមួយៗ។
ប្រភពពីមន្ត្រីតូចតាច នៅច្រកដាក់ដាំ ខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ឈ្មួញជាឧកញ៉ា និងមានមន្ត្រីជាមន្ត្រីនគរបាល ពាក់ផ្កាយ២ ក្នុងក្រសួងមហាផ្ទៃម្នាក់ នៅតែអាចធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់ឡើយ ព្រោះខ្លាចរបូតស័ក្ដិ ពីលើស្មា ។ ហើយនៅច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែន ជាច្រើនកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានឈ្មួញជាច្រើននាក់ ជាពិសេសឈ្មួញមានងារជាឧកញ៉ា មានដូចជា ឧកញ៉ា សឹង សំអុល ឧកញ៉ា វ័ន ប៊ុនថៃ ជាដើម នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមអំពើចិត្ត។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើ បានរិះគន់ថា បទល្មើដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងរាលដាល គឺជាប្រភព នៃការបំផ្លាញព្រៃឈើ ក្នុងប្រទេសកម្ពុជា ឲ្យវិនាសសាបសូន្យ នាពេលឆាប់ៗខាងមុខនេះ ចៀសមិនផុតឡើយ។ ប្រភពបានឲ្យដឹងទៀតថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើ ពីស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង ឆ្លងកាត់ក្រុងស្ទឹងត្រែង ចូលមកខេត្តក្រចេះ នឹងខេត្តត្បូងឃ្មុំ ហើយចេញទៅស្រុកយួន គឺកំពុងតែធ្វើឲ្យព្រៃឈើ ដែលនៅសេសសល់ ក្នុងខេត្តស្ទឹងត្រែង ត្រូវប្រឈម នឹងសេចក្ដីវិនាស។
ហេតុនេះ អាជ្ញាធរខេត្តពាក់ព័ន្ធ ដែលកំពុងល្បី សំបូរបទល្មើស រត់ពន្ធឈើឆ្លងដែន សូមឯកឧត្តម លី ឡេង អភិបាល នៃគណអកិបាល ខេត្តត្បូងឃ្មុំ ដែលជាគណបញ្ជាការឯកភាព នឹងឯឧត្តម ស ចំរ៉ុង អភិបាល នៃគណអភិបាល ខេត្តក្រចេះ ដែលជាគណអណបញ្ជាការឯកភាព ជាពិសេស ក្រសួងនិងស្ថាប័នពាក់ព័ន្ធ មាន ឯឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ នឹងឯឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន មិនគួរមើលរំលង តទៅទៀតទេ ក្នុងខណៈដែលបទល្មើស ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន កំពុងកក្រើកឡើងវិញ ហើយសកម្មភាពបំផ្លាញព្រៃឈើ ក្នុងប្រទេសកម្ពុជា កំពុងកើតឡើងយ៉ាងរាលដាល។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើង មិនអាចសុំការបំភ្លឺបាន ពីមន្ត្រីជំនាញ ឬស្ថាប័នពាក់ព័ន្ធ ខាងលើនេះបានទេ មកដល់ថ្ងៃនេះ អង្គភាពយើងទទួលស្វាគមន៍ រាល់ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។