ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខឆ្នោតវៀតណាមមួយកន្លែងក្នុងសង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្រ្កាបឃាត់ខ្លួនបានស្ត្រីអ្នកកត់ឆ្នោតម្នាក់ និងវត្ថុតាងមួយចំនួន។
អធិការខណ្ឌឬស្សីកែវលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានអោយដឹងនាព្រឹកនេះថា ស្ត្រីដែលពាក់ព័ន្ធនឹងល្បែងកន្ទុយលេខវៀតណាមត្រូវសមត្ថកិច្ចលោកឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំនុចផ្ទះជួល ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវនោះ មានឈ្មោះ ជា សុភី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំខាងលើ(ជាអ្នកកត់)។ លោកបន្តថាការចុះបង្ក្រាបនេះដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង កែវ សុគន្ថា ផងដែរ ទើប អធិការដ្ឋានបានបើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខវៀតណាមមួយនេះ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតវត្ថុតាងរួមមាន÷១/ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ។២/ប៊ុចចំនួន០៣ដើម។៣/ម៉ាស៊ីនគិតលេខចំនួន០១។៤/សេរីចេញឆ្នោតមួយចំនួន។៥/ប្រាក់ចំនួន៣០៥០០រៀល។
បច្ចុប្បន្នស្ត្រីពាក់ព័ន្ធកំពុងស្ថិតក្រោមចំណាត់ការរបស់សមត្ថកិច្ចខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕