អាមេរិក​គ្មាន​នយោបាយ​ការពារ​កាណាដា​ទេ បើ​កូរ៉េ​ខាង​បាញ់​មី​ស៊ី​ល​ដាក់​នោះ​

មេទ័ព​កំពូល​មួយរូប​នៃ​កងទ័ព​កាណាដា បាន​ប្រាប់​សមាជិកសភា កាណាដា​មិនអាច​ពឹង​ផ្អែកលើ​អាមេរិក​ដើម្បី​ការពារ​ខ្លួន​ឡើយ ក្នុងករណី​មានការ​វាយប្រហារ​ពី​សំណាក់​កូរ៉េខាងជើង​នោះ​។ ឧ​ត្ត​ម​សេនីយ៍​ឯក Pierre St-Amand នៃ​កងទ័ព​កាណាដា​និយាយទៀតថា អាមេរិក​គ្មាន​នយោបាយ​ការពារ​កាណាដា​ដូច​សម្ព័ន្ធមិត្ត​ផ្សេងទៀត​មាន​កូរ៉េខាងត្បូង និង​ជប៉ុន​ឡើយ​។​

កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ​តែឯង​ឡើយ សូម្បីតែ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក៏​នៅ​មិន​សុខ​ដែរ ព្រោះ​អាមេរិក​ក៏​មិនអាច​ការពារ​ពួកគេ​បាន​ទាំងអស់​ទេ​។ អាមេរិក​មាន​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​ថែមទាំង​មាន​កងទ័ព​ប្រចាំការ​នៅ​ប្រទេស​ទាំងពីរ​ផងដែរ ដើម្បី​ការពារ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ កាណាដា​ដែល​នៅជាប់​អាមេរិក​នោះ បែរជា​គ្មាន​ការអះអាង​អ្វី​ពី​អាមេរិក​ទេ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​យោធា​ជាន់ខ្ពស់​កាណាដា​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក Pierre St-Amand មេបញ្ជាការរង​កងទ័ព​ការពារ​អាកាស​អាមេរិក​ខាងជើង បាន​ប្រាប់​គណៈកម្មាធិការ​ការពា​រ​ជាតិ​សភា ថា កាណាដា​មិនអាច​ពឹង​អាស្រ័យ​លើ​អ្នកជិតខាង​របស់ខ្លួន​បានទេ បើ​កូរ៉េខាងជើង​បាញ់​នុយក្លេអ៊ែរ​ដាក់​នោះ​។ បើតាម​សារព័ត៌មាន BBC មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ​និយាយ​ដែរ​ថា គេ​មិនឃើញ​មាន​នយោបាយ​ដែល​ឲ្យ​អាមេរិក​ផ្ដល់ជំនួយ​ដល់​កាណាដា​ឡើយ ពេល​មាន​សង្គ្រាម​នោះ​។​

​ជាមួយ​ការបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន កាណាដា​មិនដែល​ចូលរួម​ជាមួយ​អាមេរិក​ក្នុង​កម្មវិធី​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទេ​។ កម្មវិធី​នេះ គឺជា​ផែនការ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​នៃ​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​បស់​ក្រុង​ព្យុងយ៉ាង​។ ការ​ព្រួ​បារម្ភ​កើនឡើង​ខ្លាំង ក្រោយ​កូរ៉េខាងជើង​អាច​ផលិត​មី​ស៊ី​ល​ដែល​រត់​បាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ ពោល​គឺអាច​វាយប្រហារ​គោលដៅ​នៅ​អាមេរិក​ខាងជើង​តែម្ដង​។​

​យ៉ាងណាមិញ លោក Mark Gwozdecky​ឧបការ​រី​រង​រដ្ឋមន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​ទទួល​សន្តិសុខ​អន្តរជាតិ បាន​ប្រាប់​កិច្ចប្រជុំសភា​ដែរ​ថា កាណាដា​មិនមែនជា​គោលដៅ​របស់​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ ព្រោះ​កាណាដា​ជា​ប្រទេស​និយម​សន្តិភាព​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​បញ្ជាក់ថា មកទល់ពេលនេះ គ្មាន​ការ​គំរាម​ដោយផ្ទាល់​ពី​សំណាក់​កូរ៉េខាងជើង​ទេ​។​

​ដោយ​លើកឡើង​ពី​ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​សន្តិ​ជាតិ​កាណាដា​នៅ​ព្យុងយ៉ាង​កាលពី​ខែសីហា លោក Mark Gwozdecky អះអាងថា កូរ៉េខាងជើង​ចាត់ទុកជា​កាណាដា​ជា​មិត្តភក្តិ និង​ជា​ប្រទេស​ដែល​ស្រឡាញ់​សន្តិភាព​។ ទោះជា​យ៉ាងណាក្ដី លោក Gwozdecky នៅតែ​ចាត់ទុក​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជាការ​គំរាម​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ដដែល​៕