ភ្នំពេញ ៖ កូនឈើចម្រុះ ប្រមាណជាង១ពាន់ដើម ត្រូវបានរដ្ឋបាលព្រៃឈើភ្នំពេញ ធ្វើការចែកជូនទៅដល់អាជ្ញាធរទាំង ១២ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅដាំបន្ត ក្នុងគោលបំណង ចូលរួមថែរក្សាព្រៃឈើ នៅក្នុងរាជធានីភ្នំពេញ ក៍ដូចជានៅទូទាំងព្រះរាជាណាចក្រ
កម្ពុជាផងដែរ។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតេយ្យភាពលោក ស៊ុយ សារិទ្ធ អភិបាលរងរាជធានីភ្នំពេញ លោក សៀន បូរិន ប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ និងលោកគាំ សីហា នាយរងផ្នែករដ្ឋបាលព្រៃឈើខណ្ឌទទួលបន្ទុករួមព្រៃឈើរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងខណ្ឌទាំង ១២ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើរយនាក់ផងដែរ ដែលប្រព្រឹត្តឡើងក្នុងបរិវេណសាលាបឋមសិក្សា ភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក សៀន បូរិន ប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ថ្ងៃនេះរដ្ឋបាលព្រៃឈើ បានធ្វើការចែក កូនឈើចម្រុះ ប្រមាណ ១៥០០ដើម រួមមាន ឈើក្រញូង ធ្នង់ គគីរ ឈើទាល រាំងភ្នំ និងកូនឈើហូផ្លែ មានដូចជា ខ្នុរ និង ស្វាយ ជូនទៅដល់អាជ្ញាធរទាំង ១២ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅដាំបន្តនៅក្នុងមូលដ្ឋានរៀងៗខ្លួន។
លោកគាំ សីហា នាយរងផ្នែករដ្ឋបាលព្រៃឈើខណ្ឌទទួលបន្ទុករួមព្រៃឈើរាជធានីភ្នំពេញ បានអោយដឹងថា ដើម្បីចូលរួមចំណែកក្នុងថែរក្សា ការពារបរិស្ថានឲ្យបានល្អ បង្កើនសោភ័ណ្ឌភាព ប្រកបដោយទិដ្ឋភាពពណ៍បៃតងស្រស់បំព្រង និងកាត់បន្ថយជាតិពុលនៅក្នុងបរិយាកាស ដែលជាកាកសំណល់បញ្ចេញពីគ្រឿងចក្រ យានយន្ត តូច ធំ រដ្ឋបាលខណ្ឌព្រៃឈើ តែងតែបានយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការដាំដុះកូនឈើ និងចែកជូនកូនឈើនៅតាមសាលារៀន វត្តអារាម និងដាំកូនឈើនៅតាមដងផ្លូវសាធារណនានា នៅក្នុងរាជធានីភ្នំពេញ។
នាយរងផ្នែករដ្ឋបាលព្រៃឈើខណ្ឌទទួលបន្ទុករួមព្រៃឈើរាជធានីភ្នំពេញលោកគាំ សីហា បានបន្តថា នេះក៏ជាការបង្កើតឡើងវិញនូវសោភ័ណភាពបរិស្ថានឱ្យកាន់តែល្អប្រសើរ ប្រែក្លាយទីតាំងដែលដាំនេះទៅជាតំបន់មានទេសភាពល្អប្រកបដោយពណ៌បៃតងស្រស់ត្រកាល ហើយព្រៃឈើពុំគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ តែនៅមានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន ពីព្រោះថាព្រៃឈើអាចស្រូបយកនូវ លម្អង ធូលី ក៍ដូចជាស្រូបឧស្ម័នកាបូនិច ផ្សែងឡាន ផ្សែងម៉ូតូ បញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន ធ្វើអោយមានបរិយាសល្អ ខ្យល់បរិសុទ្ធ សម្រាប់សុខភាព មនុស្ស សត្វផងដែរ និងជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិធ្វើឱ្យធាតុអាកាសមានភាពកាន់តែប្រសើរឡើង រក្សាបាននូវនិយ័តភាពប្រភពទឹក ការពារទីជម្រាលនិងការពារជីវចម្រុះជាដើម ។
ដូចនេះលោក គាំ សីហា ក៍បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារបរិស្ថានព្រៃឈើ និងដាំដើមឈើទាំងអស់គ្នា ដើម្បីលើកស្ទួយបរិស្ថានអោយមានភាពប្រសើរឡើង ប្រសិនបងប្អូនមានដីទំនេរទុកចោល ហើយខ្វះកូនឈើ សូមទំនាក់ទំនងទៅកាន់អង្គភាពរបស់លោក ដើម្បីទទួលបានកូនឈើ ដែលបងប្អូនត្រូវការយកទៅដាំតាមការគួរ ដោយមិនគិតថ្លៃនោះឡើយ ៕