អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យសមត្ថកិច្ច ដាក់ទោសបទល្មើសចោរឆក់ បន្ថែមបន្ទុកពីបទប៉ុនប៉ង មនុស្សឃាតមួយកម្រិតទៀត

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិបានជំរុញឲ្យដាក់ពាក្យ បណ្តឹង ប្តឹង ចោរឆក់ តាមផ្លូវ សាធារណៈ ពីបទ ប៉ុនប៉ង មនុស្សឃាត មួយកម្រិតទៀត ខណៈការ អនុវត្តកន្លងទៅ មានទោស តិចតួច ដែលជាកត្តាធ្វើ ឲ្យជនល្មើសបានចិត្ត និងធ្វើសកម្មភាព បែបនេះ ដដែលជាដដែលនោះ ។

ការលើកឡើងរបស់អគ្គស្នងការនគរបាលនេះ គឺបានធ្វើឡើង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការវិវត្តន៍ នៃសភាព បទល្មើសថ្មីៗ ដោយមានការចូលរួម ពីស្នងការគ្រប់ ខេត្ដ រាជធានី និង នាយកដ្ឋាន ពាក់ព័ន្ធទាំងអស់ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ។

នាយឧត្តមសេនីយ៏ គៀតចាន់ថា រិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា៖ ភាគីពាក់ព័ន្ធ ចូលរួម ទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ទាក់ទង នឹងករណីឆក់ ខណៈ នាពេលបច្ចុប្បន្ននេះករណីឆក់នេះ បានកើត ឡើងជាញឹកញាប់ហើយករណីខ្លះ បានធ្វើឲ្យជន រងគ្រោះមានគ្រោះថ្នាក់ ដល់ជីវិតក៏មាន ដែរនោះ ។

តែយ៉ាងណាក្តីនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ បានជំរុញឲ្យមានការប្តឹង ដល់ជនល្មើសមួយកម្រិតទៀត គឺ ពីទោសប៉ុនប៉ងមនុស្សឃាតដោយចេតនា ។

នាយឧត្ដមសេនីយ៍ គៀត ចាន់ថា រិទ្ធ បានបន្ត ទៀតថា៖ នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញដល់ស្នងការនគរបាលគ្រប់រាជធានី ខេត្ត ទាំងអស់ត្រូវពង្រឹងសកម្មភាពរបស់ ខ្លួនបន្ថែមទៀតឲ្យ ដូចទៅហ្នឹងភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាឆ្លើយតប ទៅនឹង តម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ និង ខិតខំធ្វើយ៉ាងណា ទប់ស្កាត់ ឲ្យបានរាល់បទល្មើសផ្សេងៗ ទៀត ក្នុង គោលបំណង ផ្តល់ ភាពកកក្តៅដល់ប្រជាពលរដ្ឋ ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញឲ្យអង្គភាពទាំងអស់ត្រូវត្រៀមកម្លាំងឲ្យបានគ្រប់ពេល និងគ្រប់ គោលដៅ ក្នុងគោលបំណង ទប់ស្កាត់នូវសកម្មភាពណា ដែល ធ្វើឲ្យ ប៉ះពាល់ ដល់សន្តិសុខសង្គមនិងសន្តិភាព ជាដើម ។

ដោយឡែកសម្រាប់ បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នាពេលខាងមុខនេះ អគ្គស្នងការនគរបាលជាតិ ក៏បានត្រៀមកម្លាំងចំនួនជិត៣ម៉ឺននាក់ដើម្បីការពារ និង រក្សាសន្តិសុខ ជូនដល់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផងដែរ ៕