សម្ដេច​តេជោ​ ហ៊ុន សែន នឹងអញ្ជើញធ្វើពិធីបើកការដ្ឋាន សាងសង់ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦នៅថ្ងៃទី២៣តុលានេះ

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេនោះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ឆាប់ៗនេះ សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងអញ្ជើញធ្វើពិធីបើកការដ្ឋាន សាងសង់ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦ ដើម្បីរំដោះចរាចរណ៏ឲ្យកំណាត់ផ្លូវជាតិទាំងពីរនេះ មានភាពប្រសើរឡើង ជាពិសេសពង្វាង និងរំដោះចរាចរណ៏នៅតំបន់ស្ពានជ្រោយចង្វារ បន្ទាប់ពីស្ពានជ្រោយចង្វារចាស់ត្រូវបានបិទដើម្បីជួសជុល ។

គម្រោងការខាងលើនេះត្រូវបានលើកឡើងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋាភិបាលគម្រោងសាងសង់ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦ ក្នុងពេលឆាប់ៗនេះ ។

 

មន្ត្រីដដែល បានឲ្យដឹងទៀតថា ស្ពាននេះ ស្លិតនៅទីតាំងឆ្លងទន្លេសាបលើតម្រង់ផ្លូវសាលាដែកក្នុងខណ្ឌឫស្សីកែវនិងខណ្ឌជ្រោយចង្វារមានប្រវែងស្ពានសរុប ៩២២ម ទទឹង២០.៥ម ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១.២៥មសងខាង កំពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម សរសរសម្រាប់ព្យួរខ្សែកាបមានចំនួន ៤សរសរ គម្លាតពីគ្នា ១២០ម ។គន្លងខ្សែយានយន្តទទឹង ៣.៧៥ម គន្លងធ្វើចរាចរចំនួន ២ខ្សែទៅ ២ខ្សែមក ល្បឿនសុវត្ថិភាព ៤០គម ក្នុង១ម៉ោង កំពស់នាវាចរក្រោមស្ពាន អតិបរមានៅរដូវវស្សា ១០.៥ម កំពស់នាវាចរក្រោមស្ពាន អប្បបរមានៅរដូវប្រាំង ២០.៥ម បំពាក់បង្គោលភ្លើងបំភ្លឺ ព្រមទាំងដាក់ស្លាកសញ្ញាចរាចរផងដែរ ។

ដោយ​ប្រទេស​មាន​សុខសន្តិភាព​ និងមាន​ការ​អភិវឌ្ឍន៍​ ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពិត​ជា​សំខាន់​ណាស់​ រាជរដ្ឋាភិបាលក៏​បាន​សម្រេច​ចិត្ត​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​សាប​ថ្មី​មួយ​ទៀត​ទុក​ជូន​ប្រជាពលរដ្ឋ​ និងអ្នក​ធ្វើ​ដំណើរទៅមក​ឆ្លងកាត់​ពី​តំបន់​ជ្រោយ​ចង្វារ​ មក​តំបន់​ឬស្សីកែវ​ផ្លូវ​ជាតិ​លេខ​៥​។

នារសៀល​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹក​នាំ​ប្រជុំ​ត្រៀម​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​សាប​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្ដេច​តេជោ​​ ដែល​ត្រៀម​បើក​ការ​ដ្ឋាន​នៅ​ថ្ងៃទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៧​ខាងមុននេះ​។​ ស្ពានថ្មីមួយនេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​បញ្ជៀស​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ​៦​ ឆ្លង​ចូល​ផ្លូវ​ជាតិ​លេខ​៥៕