បាញ់៤គ្រាប់ ផ្អើលទាំងព្រឹកក្នុងខណ្ឌឫស្សីកែវ ចាប់បានជនសង្ស័យ២នាក់

ភ្នំពេញៈ មានការផ្អើលទាំងព្រឹក ដោយមានការផ្ទុះអាវុធចំនួន៤គ្រាប់ គ្រាដែលមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវកម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ តាមប្រមាញ់តាំងតែពីខណ្ឌពោធិ៍សែនជ័យ ឆ្លងចូលដល់ទឹកដីនៃខណ្ឌឬស្សីកែវ ត្រង់ចំនុចឃ្លាំងសាំងសូគីម៉ិច សង្កាត់ឬស្សីកែវ លើសួនច្បារក្បែរបេនឡានក្រុង ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីព្រឹកម៉ោង៨និង៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

 

ប្រភពពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ ហាត់ប្រាណកំសាន្តតាមសួន បានឲ្យដឹងថា មុនដំបូងគេឃើញមានស៊ីវិលផង និងប៉ូលិសផង( ក្រុមកម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ) ខ្លះជិះម៉ូត និងខ្លះទៀតជិះរថយន្តមាន ម៉ាកហាយឡែនឌ័រ និងកាម៉ារីបាឡែន ប្រដាប់ដោយកាំភ្លើងខ្លី និងវែង ពេលដែលជួបមុខសញ្ញានោះហើយ ក៏ប្រញ៉ាប់ប្រញ៉ាលឈប់ម៉ូតូឡានរត់ចុះ ដកកាំភ្លើងដេញចាប់មុខសញ្ញានោះ ដោយចាប់បានមុខសញ្ញាប្រុសម្នាក់។

 

ដោយឡែកជនសង្ស័យម្នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ជាប់ដែរ ដោយមានការភ្ជង់កាំភ្លើងម៉ាកAK ត្រង់ក្បាលផង តែទំនងជនសង្ស័យរូបនេះ មិនខ្លាចនឹងការភ្ជង់របស់សមត្ថកិច្ចនោះទេ។ ជនសង្ស័យបែរជាប្រឹងរត់សំដៅទៅមាត់ទន្លេហក់ចូលទឹកទន្លេហែលបានប្រហែលជា៤០ម៉ែត្រ ត្រូវកម្លាំងសមត្ថកិច្ចឡើងជិះទូកជនជាតិចាម ក្បែរនោះអោយជួយដេញទូកចែវតាម ទើបចាប់បាន រួចនាំមកលើគោក ញាត់បញ្ចូលរថយន្ត។

 

ក្រោយការឃាត់ខ្លួនទើបគេដឹងថា ជាការតាមចាប់បង្រ្កាបករណីគ្រឿងញៀន ដែលសមត្ថកិច្ចតាមតាំងតែពីខណ្ឌពោធិ៍សែនជ័យមកម្លេះ ដោយក្រុមជនសង្ស៍យជិះរថយន្តក្រុង មកឈប់នៅម្តុំឃ្លាំងសូគីម៉ិច ដើម្បីជួញដូរគ្រឿងញៀន ក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តងក្នុងករណីជាក់ស្តែង។ ទោះយ៉ាងនេះក្តីគេពុំដឹងថាសមត្ថកិច្ចបានដកហូតនូវវត្ថុតាងឬយ៉ាងណានោះទេ។ ចំនែកអត្តសញ្ញាណជនសង្ស័យក៏ពុំត្រូវបានបង្ហាញក្នុងគ្រានោះដែរ គ្រាន់តែដឹងថាម្នាក់ ចាស់ ម្នាក់ក្មេង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីបន្តចំនាត់ការសាកសួរ ស្រាវជ្រាវ រកបក្ខពួកបន្តទៀត៕