អធិការក្រុងប៉ោយប៉ែត ត្រូវបានពលរដ្ឋថាជាអ្នករក្សាល្បែង

បន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋរស់ក្នុងសង្កាត់និត្ត ក្រុងប៉ោយប៉ែត បានអោយដឹងថា ល្បែងអាប៉ោងមួយកន្លែង កំពុងដាក់លេងយ៉ាងសប្បាយក្លាយទៅជាដុះស្លែទៅហើយ តែដូចគ្មានការអើពើពីអាជ្ញាធរក្នុងខេត្តមួយនេះសោះ ដែលត្រូវបានគេលើកឡើងថា មានការសូកប៉ាន់ ឬអាចហៅបានថា ជាឆ្នាំងបាយរបស់សមត្ថកិច្ច ដោយទុករក្សារលំអរក្នុងមូលដ្ឋាន ផ្ទុយទៅនឹងប្រសាសន៍ សម្តេចក្រឡាហោម ស ខេង ដែលបានថ្លែងជាសាធារណះថា ត្រូវបិទរាល់ ល្បែងស៊ីសង គ្រប់ប្រភេទ ទូទាំងប្រទេស។

ទីតាំងល្បែងអាប៉ោងមួយនេះ ស្ថិតក្នុងការគ្រប់គ្រងរបស់អធិការក្រុងប៉ោយប៉ែត ធិន ស៊ិនដេត នៅអារាញ់ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមេប៉ុស្តិ៍ល្បី ឈ្មោះ ម៉ា រិន ជាថ្នាក់មូលដ្ឋាន កំពុងតែគ្រប់គ្រងនៅទីនោះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយនោះកំពុង តែមានការងឿង ឆ្ងល់យ៉ាងខ្លាំង ព្រោះការបើកលេងល្បែងខាង លើនេះប្រហែល ជាត្រូវដងត្រូវ ផ្លែជាមួយសមត្ថកិច្ចហើយទើបពួកគេហ៊ានលេងដោយគ្មានញញើតច្បាប់សូម្បីតែបន្តិច។

ពួកគាត់បានលើកឡើងថា ល្បែងជាប្រភពបង្កើតនូវបទល្មើសព្រហ្មទណ្ឌ លួច ឆក់ ប្លន់ នឹងនាំអោយគ្រួសារទាស់ទែងគ្នា ក៏កើតចេញពីល្បែងនេះដែរ ពេលចាញ់អស់ ទៅរករឿងតែអ្នកផ្ទះ បង្កហិង្សា។ ម្យ៉ាងវិញទៀតល្បែងនេះហើយជាដើមចមមួយឈានទៅលួចប្លន់ជាដើម ពេលដែលចាញ់ប្រាក់អស់មិនដឹងជាទៅរកទៅណាទៀត។

ពាក់ព័ន្ធជាមួយរឿងខាងលើនេះដែរ ប្រជាពលរដ្ឋហាក់ដូចជាងឿងឆ្ងល់ថា តើលោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានដឹងលឺហើយឬ ធ្វើជាមិនដឹង បានជាមិនរាយការណ៍ជូនស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ឬមួយក៏លោកអាត់ ខែម ដឹងដែរ តែមិនបញ្ជាអោយបង្ក្រាប?

អង្គភាពព័ត៌មានយើង សង្ឃឹមថាលោក អាត់ ខែម ស្នងការនគរបាលខេត្ត និងអធិការក្រុងប៉ោយប៉ែត ក៍ដូចជាសមត្ថកិច្ច ពាក់ព័ន្ធនឹងចាត់វិធានការបោសសំអាត ទីតាំងខាងលើជាក់ជាមិនខាន ក្រោយពីទទួលបានព័ត៌មានមួយនេះ ។