សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ០២ខ្សែ ក្រោមអធិបតីភាពឯកឧត្តម ជុក មុន្នី

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ០២ខ្សែ ប្រវែង ៣.៧៨៨ ម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង ។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោកអភិបាល អភិបាលរងក្រុងស្វាយរៀង សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរាជការសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ចេក មេភូមិ យុវជនសហភាពសហព័ន្ធយុវជនខេត្ត ប្រជាពលរដ្ឋ និងសប្បុរសជននានា សរុបវត្តមាន ៦០០នាក់ ។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសសើរចំពោះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង អាជ្ញាធរពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ រួមទាំងសប្បុរសជនទាំងអស់ដែលបានរួមសហការគ្នាក្នុងការកៀរគរធនធានថវិកាសម្រាប់កសាងផ្លូវក្រាលខ្សាច់ភ្នំ ទាំងពីរខ្សែនេះ ទុកជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
ឯកឧត្តមបន្តថា ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ២ខ្សែ ដែលសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការចូលរួមចំណែក ចែករំលែក សហការ សម្រាប់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ សរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងការរួមសហការយ៉ាងល្អប្រសើររវាងរដ្ឋ ក្រុមការងារ និងប្រជាពលរដ្ឋ ហើយក្នុងនាមជាអភិបាលខេត្ត ឯកឧត្ដមសូមលើកទឹកចិត្ត និងគាំទ្រឲ្យបងប្អូនបន្តនូវសកម្មភាពនេះ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់យើង ។ ហើយចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយ នោះទេ នៅថ្ងៃនេះយើងសម្រេចបានជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខ ខេត្តក៏នឹងប្រែក្លាយផ្លូវនេះ ពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬផ្លូវកៅស៊ូតែម្ដង ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរូមថែរក្សាផ្លូវរបស់យើង ដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

ក្នុងឱកាសនោះ គណៈអធិបតីក៏បានចែកជូនលិខិតថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមវិភាគទានក្នុងការស្ថាបនាផ្លូវទាំងពីរខ្សែ និងផ្ដល់ជូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមក្នុងពិធីនេះ ម្នាក់ៗទទួលបាន សារុង០១ និងស្ករស ០១គីឡូក្រាម ផងដែរ ៕