រដ្ឋប្រហារនៅបូលីវីដែលបានបណ្តេញអតីតប្រធានាធិបតី អេវ៉ូ ម៉ូរ៉ាល់ ចេញពីអំណាច អាចជាការប៉ុនប៉ងរបស់អាម៉េរិកដើម្បីត្រួតត្រាលើប្រភពរ៉ែ លីធ្យូម(Lithium) របស់បូលីវី និងបានបំបែកប្រទេសនៅអាម៉េរិកខាងត្បូងនេះជាពីរ នេះបើតាមអ្វីដែលលោកជុក កូហ្វម៉ាន់ អ្នកសម្របសម្រួលនៅអង្គការសម្ពន្ធយុត្តិធម៌សកល បានប្រាប់កម្មវិធីមួយនៃវិទ្យុSputnikរុស្ស៊ី។
ចំពេលកើតមានរដ្ឋប្រហារដោយក្រុមប្រឆាំងប្រកាន់ស្តាំ លោក ម៉ូរ៉ាល់ ត្រូវបានបង្ខំអោយចុះចេញពីតំណែងកាលពីថ្ងៃ១០វិច្ឆិកា និងចាប់តាំងពីពេលនោះមកលោកត្រូវបានជំនួសដោយអនុប្រធានទី២នៃព្រឹទ្ធសភាបូលីវី លោកស្រី ជីនីន អាណេសដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នកាលពីថ្ងៃអង្គារទី១២វិច្ឆិកា។ប្រធានាធិបតីអាម៉េរិក ភ្លាមៗបានហៅការវិវត្តន៍សភាពការណ៍នេះថាជា«ព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រមួយសំរាប់លទ្ធិប្រជាធិបតេយ្យនៅអឌ្ឍគោលខាងលិច»។
យោងតាមលោកកូហ្វម៉ាន់ អ្វីដែលការប៉ុនប៉ងរបស់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកដើម្បីពិភាក្សាអំពីថាតើការបណ្តេញលោកម៉ូរ៉ាល់ជារដ្ឋប្រហារមួយដែរឬអត់នោះជា«រឿងគួរអោយអស់សំណើច។វាជាការជជែកពិភាក្សាគួរអោយអស់សំណើចទាំងស្រុង។វាជាការជជែកពិភាក្សាសំរាប់ពួកអ្នកគាំទ្រគោលនយោបាយអាម៉េរិក ពីព្រោះបើវាត្រូវបានប្រកាសថាជារដ្ឋប្រហារយោធា នោះជំនួយនឹងត្រូវកាត់ផ្តាច់និងបូលីវីក៏បាត់មុខពីអង្គការអន្តរជាតិនានា។ដូច្នេះសំរាប់នរណាដែលអះអាងថាវាជាការចំរើនដែលឈរខាងពួកចក្រពត្តិនិងចោទសួរថាវាជារដ្ឋប្រហារឬអត់នោះ ជាក្រុមមនុស្សមិនរីកចំរើនទៅវិញទេ»។
លោកបានបន្ថែមថា ពួកអ្នកប្រឆាំងតវ៉ាមកពីក្រុមប្រឆាំងកំពុងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីបូលីវី តួយ៉ាងអភិបាលក្រុងម្នាក់ត្រូវគេចាប់អូសចេញពីការិយាល័យ វាយដំ ស្រោចទឹកថ្នាំពណ៌ពីលើ និងបណ្តើរតាមផ្លូវ។វាជារូបភាពគួរអោយរន្ធត់។«ខ្ញុំគិតថា នេះជាយុទ្ធវិធីដូចដែលក្រុមប្រឆាំងបានអនុវត្តនៅនីការ៉ាហ្គ័រកាលពីឆ្នាំ២០១៨។វាស្រដៀងគ្នានឹងយុទ្ធវិធីដែលក្រុមប្រឆាំងវេណេស៊ុយអេឡា កំពុងប្រើតែមិនបានជោគជ័យ។ប្រជាជននឹងស្លាប់»។
កូហ្វម៉ាន់ បានពន្យល់ថា «យើងអាចសរសើរលោកម៉ូរ៉ាល់ដែលសុខចិត្តចុះចេញពីតំណែងដើម្បីបន្ថយអំពើហិង្សា តែវាមិនបានធ្វើអោយស្ងប់ចិត្តពួកក្រុមស្តាំទេ ដោយសារគោលបំណងរបស់គេគ្រប់គ្រងអំណាចទាំងស្រុងនិងបោសសម្អាតរដ្ឋាភិបាលដឹកនាំដោយជនជាតិដើម»។
សូមបញ្ជាក់ថា អស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បូលីវី ដែលសំបូររ៉ែ លីធ្យូមខ្លាំង បានព្យាយាមប្រើប្រភពធនធានធម្មជាតិរបស់ខ្លួនសំរាប់នាំទ្រព្យធនមកអោយប្រជាជនរបស់ខ្លួន។អនុប្រធានរបស់លោកម៉ូរ៉ាល់ លោក អាល់វ៉ារ៉ូ ហ្កាស្យា លីណេរ៉ា ដែលក៏បានលាឈប់កាលពីថ្ងៃ១០វិច្ឆិកា ធ្លាប់បាននិយាយថា លីធ្យូម ជា«ឥន្ធនៈដែលនឹងចិញ្ចឹមពិភពលោក»។
បូលីវីមាន ប្រភពធមធាន លីធ្យូម បំរុងប្រមាណ៤៣ភាគរយនៃ ធនធានរ៉ែនេះនៅលើកពិភពលោក និងកាលពីខែមិថុនា លោកម៉ូរ៉ាល់ បានប្រកាសថា ប្រទេសលោកនឹងធ្វើឧស្សាកម្មផលិតកម្ម លីធ្យូម ជំនួសអោយការនាំចេញរ៉ែឆៅទៅអោយក្រុមហ៊ុនបរទេស ពោលបូលីវីនឹងកែច្នៃ លីធ្យូមហើយបង្កើតថ្ម បង្កើតអាគុយស្ងួតដោយខ្លួនឯង។
បើតាមលោកកូហ្វម៉ាន់ ការបណ្តេញលោកម៉ូរ៉ាល់ចេញពីតំណែង កើតឡើងចំពេលដែលអាម៉េរិកនិងក្រុមហ៊ុនអន្តរជាតិធំៗ ចង់គ្រប់គ្រងប្រភពធនធានរ៉ៃនៃប្រទេសនេះ។
លោកបានបន្ថែមថា «សេណារីយ៉ូមួយ គឺថា ប្រទេសនេះអាចត្រូវហែកហួរជាចំណែក ដូចដែលក្រុមស្តាំបានព្យាយាមធ្វើពីមុន ដើម្បីបំបែកតំបន់ទំនាបចេញពីខ្ពង់រាប ដែលជាមូលដ្ឋានគាំទ្ររបស់លោកម៉ូរ៉ាល់ និងជាជម្រកពួកនជាតិដើមបូលីវី។តែតំបន់ទំនាប ជាកន្លែងដែលរ៉ែ លីធ្យូមនិងឧស្ម័នធម្មជាតិតាំងនៅ។ដូច្នេះគោលដៅរបស់គេគឺបំបែកបូលីវីជាពីរ»។
លោកបានបន្ថែមថា កាលពីលោកម៉ូរ៉ាល់ចូលកាន់តំណែងនៅឆ្នាំ២០០៦ បណ្តាក្រុមហ៊ុនប្រេងនិងឧស្ម័នធម្មជាតិបរទេសដែលរកស៊ីនៅបូលីវីបានបង់ប្រាក់២០ភាគរយពីចំណូលរបស់ចូលហិបប្រាក់រដ្ឋបូលីវីគេតែលោកម៉ូរ៉ាល់ បានបង្វែរត្រឡប់វា ដោយរដ្ឋបូលីវីទទួល៨០ភាគរយ និងក្រុមហ៊ុនប្រេងបរទេសទទួល២០ភាគរយវិញ។«ពួកគេមិនដែលអត់ឱនទោសអោយលោកទេចាប់តាំងពីពេលនោះមក»។
ក្រោមការដឹកនាំរបស់លោកម៉ូរ៉ាល់ ផលិតផលក្នុងស្រុកសរុបរបស់បូលីវី កើន៤០០ភាគរយ ។វាធ្លាប់ជាប្រទេសក្រីក្របំផុតមួយនៅអាម៉េរិកខាងត្បូង តែឥឡូវជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនលឿនបំផុតមួយនៅក្នុងតំបន់ គិតមកត្រឹមថ្ងៃដែលលោកម៉ូរ៉ាល់ចុះចេញពីតំណែង៕