កូរ៉េខាងជើងកាលពីថ្ងៃពុធទី១៣ខែវិច្ឆិកាបានគំរាមថានឹងសងសឹកប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បួងដោយបង្កើនសម្ពាធទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឱ្យមានការផ្លាស់ប្តូរទៅរកវិធីសាស្ត្របត់បែនមួយនៅពេលដែលថ្ងៃផុតកំណត់នៅដំណាច់ឆ្នាំសំរាប់បន្តការចរចាជាមួយកូរ៉េខាងជើងខិតជិតមកដល់នោះ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ទោះបីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីសប្តាហ៍មុនថាសមយុទ្ធកងទ័ពជើងអាកាសរួមគ្នាដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយនេះនឹងត្រូវបានកាត់បន្ថយឱ្យមកនៅទំហំតូចក៏ដោយ ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកិច្ចការកិច្ចការរដ្ឋកូរ៉េខាងជើងនេះបាននិយាយថា “វាគឺជាសិទ្ធិការពារខ្លួន” ដើម្បីសងសឹកប្រឆាំងនឹងរាល់សកម្មភាពដែលគំរាមកំហែងដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន។
កាលពីសប្តាហ៍មុន អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ក៏បានស្តីបន្ទោសសមយុទ្ធរួមគ្នារបស់សហរដ្ឋអាម៉េរិកនេះផងដែ ដោយនិយាយថាវាធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជំនួបចរចាណាមួយ ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រឆាំងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងដោយចាត់ទុកថាវាជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន៕