មនុស្ស៦៤នាក់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យហុងកុងក្រោយការផ្ទុះអំពើហិង្សាដ៏អាក្រក់នៅក្នុងតំបន់រដ្ឋបាលពិសេសរបស់ចិននេះ នេះបើតាមអាជ្ញាធរមន្ទីរពេទ្យបានប្រាប់អោយដឹងកាលពីថ្ងៃព្រហស្បតិ៍ទី១៤វិច្ឆិកា។
ទូរទស្សន៍RTHK បានរាយការណ៍ថា អាជ្ញាធរមន្ទីរពេទ្យបាននិយាយថា ក្នុងចំណោមអ្នកចូលសម្រាកមន្ទីរពេទ្យ មាន៣៤នាក់ស្ថិតក្នុងស្ថានភាពនឹងនរ និង២៣នាក់បានចេញពីមន្ទីរពេទ្យនិងម្នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។
សារព័ត៌មានបាននិយាយថាបុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់ក្រោយធ្លាក់ពីអាគារខ្ពស់មួយ។
ហុងកុងបានស្ថិតក្នុងអំពើហិង្សាដ៏អាក្រក់អាក្រីចាប់តាំងពីថ្ងៃចន្ទមក។កាលពីថ្ងៃពុធ ប៉ូលិសបានប្រើគ្រាប់បែកផ្សែងនិងការបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ ដែលបានចោលគ្រាប់បែកសាំងនិងដុំថ្ម ព្រមទាំងបិទផ្លូវ។មកត្រឹមថ្ងៃព្រហស្បតិ៍ទី១៤វិច្ឆិកា ពួកអ្នកប្រឆាំងតវ៉ាបានធ្វើអោយជាប់គាំងក្រុងហុងកុងដល់ថ្ងៃទី៤ជាប់គ្នា ដោយបង្ខំអោយសាលារៀនបិទទ្វារ និងបិទផ្លូវហាយវ៉េ និងបណ្តាញគមនាគមន៍ផ្សេងៗ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុហិរញ្ញវត្ថុនេះ។
ការិយាល័យអប់រំបានប្រកាសកាលពីថ្ងៃ១៤វិច្ឆិកាថា ការបិទសាលារៀន នឹងបន្តដល់ថ្ងៃអាទិត្យ ដើម្បីធានាសុវត្ថិភាពសិស្សនិស្សិត។
ក្នុងពេលជាមួយគ្នា អ្នកប្រឆាំងតវ៉ាឈុតខ្មៅ ក៏បន្តបិទផ្លូវធំៗ និងផ្លូវក្រោមដីដែលភ្ជាប់កោះហុងកុងទៅតំបន់កៅលុនជាហេតុនាំអោយប៉ូលិសបាញ់គ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងបាតុករ។សិស្សនិស្សិតរាប់ពាន់ក៏ក្រាញនៅក្នុងបរិវេណសកលវិទ្យាល័យជាច្រើន ដោយបិទផ្លូវចូលនិងកាន់កាប់ផ្លូវជិតៗនោះ ត្រៀមទុកស្បៀងអាហារ ដុំឥដ្ឋ គ្រាប់បែកសាំងនិងសព្វាវុធផ្សេងៗ ដោយរំពឹងថានឹងប៉ះទង្គិចជាមួយប៉ូលិស។